​សូ​ចិ​លោម​សូត្រ​ ​ទី៥​


 [​២៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​គ្រែ​ថ្ម​ ​ជា​លំនៅ​នៃ​សូ​ចិ​លោម​យក្ស​ ​ទៀប​គ​យា​គ្រាម​។​ ​សម័យ​នោះ​ឯង​ ​ខរ​យក្ស​ ​និង​សូ​ចិ​លោម​យក្ស​ ​នាំគ្នា​ដើរទៅ​ជិត​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ខរ​យក្ស​បាន​និយាយ​នឹង​សូ​ចិ​លោម​យក្ស​ថា​ ​នុ៎ះ​ព្រះ​សមណៈ​។​ ​សូ​ចិ​លោម​យក្ស​ ​ឆ្លើយ​ថា​ ​នុ៎ះ​មិនមែន​ព្រះ​សមណៈ​ទេ​ ​នុ៎ះ​គ្រាន់តែ​ប្រហែល​នឹង​ព្រះ​សមណៈ​ ​ចាំ​ខ្ញុំ​សង្កេត​ឲ្យដឹង​ថា​ ​ជា​ព្រះ​សមណៈ​ ​ឬ​ប្រហែល​នឹង​ព្រះ​សមណៈ​សិន​។​ ​វេលា​នោះ​ ​សូ​ចិ​លោម​យក្ស​ ​ក៏​ចូល​ទៅ​ជិត​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បន្ទន់កាយ​ ​ទៅ​រក​ព្រះមានព្រះភាគ​។​ ​ចំណែក​ព្រះមានព្រះភាគ​ ​ងាក​ព្រះ​កាយ​ចេញ​។​ ​លំដាប់នោះ​សូ​ចិ​លោម​យក្ស​ ​ទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​ខ្លាច​ខ្ញុំ​ឬ​។​ ​ម្នាល​អាវុសោ​ ​តថាគត​មិន​ខ្លាច​អ្នក​ទេ​ ​តែ​សម្ផស្ស​របស់​អ្នកឯង​អាក្រក់​។​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់