​ថេរីគាថា​ ​មហា​និបាត​


 [​៣៣៨​]​ ​នាង​សុមេធា​ ​ជា​ធីតា​នៃ​អគ្គមហេសី​របស់​ព្រះរាជា​ ​ទ្រង់ព្រះ​នា​មកោញ្ចៈ​ ​ក្នុង​នគរ​ឈ្មោះ​មន្ដា​វតី​ ​ជា​ស្រ្តី​ដែល​ព្រះ​អរិយៈ​ ​អ្នកធ្វើ​សាសនា​ឲ្យ​ជ្រះថ្លា​ហើយ​។​ ​នាង​សុមេធា​ ​ជា​ស្រី​មាន​សីល​ ​ជា​ធម្ម​ក​ថិ​កា​ដ៏​វិចិត្រ​ ​ជា​ពហុស្សូត​ ​ជា​ស្រី​បាន​បទ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ចូល​ទៅ​ជិត​ព្រះមាតា​បិតា​ ​ហើយ​ទូល​ថា​ ​សូម​ទ្រង់​ទាំងពីរ​ស្ដាប់​ ​(​ពាក្យ​ខ្ញុំម្ចាស់​)​។​ ​ខ្ញុំម្ចាស់​ជា​អ្នក​ត្រេកអរ​ ​ចំពោះ​ព្រះនិព្វាន​ ​ភព​សូម្បី​ជា​ទិព្វ​ ​ក៏​ជា​របស់​មិន​ទៀងទាត់​ ​នឹង​ចាំបាច់​ពោល​ទៅ​ថ្វី​ដល់​កាម​ទាំងឡាយ​ ​ដែល​ជា​របស់​សោះសូន្យ​ ​មានការ​ត្រេកអរ​តិច​ ​មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន​។​ ​ពួក​ជនពាល​ ​ឈ្លក់​ក្នុង​កាម​ទាំងឡាយ​ណា​ ​កាម​ទាំងឡាយ​នោះ​ ​ជាស​ភាវៈ​ខ្លោចផ្សា​ ​ឧបមាដូចជា​អាសិរពិស​ ​ពួក​ជនពាល​ទាំងនោះ​ ​សឹង​ពេញ​ណែន​ត្រៀបត្រា​ក្នុង​នរក​ ​រងទុក្ខ​លំបាក​អស់​កាល​ដ៏​អង្វែង​។​ ​ពួក​ជនពាល​មានកម្ម​ដ៏​លាមក​ ​មានគំនិត​អាក្រក់​ ​មិន​សង្រួមកាយ​ ​វាចា​ ​ចិត្ត​ ​រមែង​សង្រេងសង្រៃ​ ​ក្នុង​វិនិបាត​ ​(​អបាយ​)​ ​សព្វ​ ​ៗ​ ​កាល​។​ ​ជនពាល​ទាំងនោះ​ ​ជា​អ្នក​ឥត​ប្រាជ្ញា​ ​ឥត​ចេតនា​ ​ត្រូវ​តណ្ហា​ជាហេតុ​នៃ​ទុក្ខ​រួបរឹត​ ​មិនដឹង​ ​(​នូវ​ចតុ​សច្ចធម៌​)​ ​ដែល​ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ ​រមែង​មិន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ទាំងឡាយ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់