ក្នុងទីគួរមួយថា នែកប្បិន អ្នកឯងសម្ងំនៅក្នុងទីស្ងាត់ ហើយកើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ គួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថាអាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ ដូច្នេះ មែនឬ។ ព្រះមហាកប្បិនក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា អ្នកជាពួកព្រាហ្មណ៍ បើនឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាឧបោសថទេ តើបាននរណានឹងធ្វើសក្ការៈ នឹងគោរព នឹងរាប់អាន នឹងបូជាឧបោសថវិញ នែព្រាហ្មណ៍ ចូរអ្នកទៅកាន់ឧបោសថ កុំខានទៅឡើយ ចូរអ្នកទៅ (ធ្វើ)សង្ឃកម្ម កុំខានទៅឡើយ។ ព្រះមហាកប្បិនដ៏មានអាយុទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគឲ្យព្រះមហាកប្បិនដ៏មានអាយុឃើញត្រូវ កាន់យកត្រូវ អាចហ៊ាន រីករាយដោយធម្មីកថាហើយ ទ្រង់បាត់ទៅអំពីមុខព្រះមហាកប្បិនដ៏មានអាយុក្នុងមទ្ទកុច្ឆិមិគទាយវន ទៅប្រាកដលើភ្នំគិជ្ឈកូដ (រហ័ស) ឧបមាដូចជាបុរសមានកំឡាំង លាដើមដៃដែលបត់ចូល ឬបត់ចូលដើមដៃដែលលាចេញយ៉ាងនោះឯង។