បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យសូម្បីក្នុងញាណ កាលសត្វយល់បែកគ្នាផ្សេង ៗ បុគ្គលនោះឯង មិនលុះតាមពួក បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ។
[១៦៨] ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ និងការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយនៃបុគ្គលនោះ មិនមានឡើយ។
[១៦៨] ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ និងការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយនៃបុគ្គលនោះ មិនមានឡើយ។
[១៦៩] អធិប្បាយពាក្យថា ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា អន្តៈ គឺផស្សៈជាអន្តៈមួយ ការកើតឡើងនៃផស្សៈ ជាអន្តៈទីពីរ។ អតីត ជាអន្តៈមួយ អនាគត ជាអន្តៈទីពីរ។ សុខវេទនា ជាអន្តៈមួយ ទុក្ខវេទនា ជាអន្តៈទីពីរ។ នាម ជាអន្តៈមួយ រូបជាអន្តៈទីពីរ។ អាយតនៈខាងក្នុង ៦ ជាអន្តៈមួយ អាយតនៈខាងក្រៅ ៦ ជាអន្តៈទីពីរ។ សក្កាយ ជាអន្តៈមួយ ការកើតឡើងនៃសក្កាយ ជាអន្តៈទីពីរ។