[២១៥​] ពាក្យ​ថា តថាគត មិន​អាច​ដើម្បី​ដោះ អធិប្បាយ​ថា​ តថាគត មិន​អាច​ដោះ​អ្នក ស្រាយ​ចេញ ស្រាយ​លែង ដោះលែង ជ្រោង​ឡើង ស្រង់​ឡើង ឲ្យ​ក្រោក​ចេញ​អំពី​សរ​គឺ​សេចក្តី​សង្ស័យ​បាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត មិន​អាច​ដើម្បី​ដោះ យ៉ាងនេះ​ខ្លះ។ មួយទៀត តថាគត មិន​ខ្វល់ខ្វាយ មិន​ខ្វល់ខ្វាយ​ខ្លាំង មិន​ឧស្សាហ៍ មិន​ព្យាយាម មិន​ធ្វើ​ឧស្សាហ៍​ មិន​ធ្វើ​សេចក្តី​ប្រឹងប្រែង មិន​ធ្វើ​នូវ​សេចក្តី​ខ្នះខ្នែង មិន​ធ្វើ​សេចក្តី​ឱហាត មិន​ធ្វើ​ព្យាយាម​ មិន​ញុំាង​ឆន្ទៈ​ឲ្យ​កើត មិន​ឲ្យ​កើត​ព្រម មិន​ឲ្យ​ដុះ មិន​ឲ្យ​ដុះដាល (ដើម្បី​ដោះ​) នូវ​ពួក​បុគ្គល​មិន​មាន​ឆន្ទៈ ខ្ជិលច្រអូស ថយ​ព្យាយាម​ មិន​ប្រតិបត្តិ​តាមដោយ​ធម្មទេសនា​បានទេ ព្រោះហេតុនោះ (ទ្រង់​ត្រាស់​ថា​) តថាគត មិន​អាច​ដោះ យ៉ាងនេះ​ខ្លះ។ មួយទៀត​ បុគ្គល​ដទៃ​ណាមួយ ញ៉ាំង​បុគ្គល​ដទៃ​ឲ្យ​រួច​បាន មិន​មាន​ទេ​ ត្រូវតែ​បុគ្គល​ទាំង​នោះ រួច​ដោយ​សេចក្តី​ព្យាយាម​ដ៏​តឹង​រឹង​របស់​ខ្លួន​ ដោយ​កំឡាំង​របស់​ខ្លួន ដោយ​ការ​ព្យាយាម​របស់​ខ្លួន ដោយ​សេចក្តី​ប្រឹងប្រែង​របស់​ខ្លួន ដោយ​ការ​ព្យាយាម​ដ៏​តឹង​រឹង​នៃ​បុរស​របស់​ខ្លួន ដោយ​កំឡាំង​បុរស​របស់​ខ្លួន​ ដោយ​ការ​ព្យាយាម​បុរស​របស់​ខ្លួន ដោយ​សេចក្តី​ប្រឹងប្រែង​បុរស​របស់​ខ្លួន​ គឺ​ប្រតិបត្តិ​នូវ​សម្មាបដិបទា អនុលោម​ប្ប​ដិ​បទា អន្វ​ត្ថ​ប្ប​ដិ​បទា​ ធម្មា​នុ​ធម្ម​ប្ប​ដិ​បទា ដោយខ្លួនឯង ទើប​រួច​បាន
ថយ | ទំព័រទី ១៨៨ | បន្ទាប់