ព្រះមានព្រះភាគ កំណត់​ដឹង​វត្ថុកាម​ទាំងឡាយ​ លះបង់ គ្រប​សង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី ញាំញី នូវ​កិលេស​កាម​ទាំងឡាយ​ហើយ ត្រាច់​ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​ ហេតុ​នោះ លោក​ពោល​ថា ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​កាម។
 [៣៩១​] ពាក្យ​ថា ដូច​ព្រះអាទិត្យ​មាន​តេជះ គ្រប​សង្កត់​នូវ​ប្រឹថពី​មណ្ឌល​ដោយ​តេជះ សេចក្តី​ថា សុរិយទេវបុត្រ លោក​ហៅថា ព្រះអាទិត្យ។ ផែនដី​ លោក​ហៅថា ប្រឹថពី។ សុរិយទេវបុត្រ​មាន​តេជះ ដោយ​តេជះ ប្រកបដោយ​តេជះ​ គ្រប​សង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី កំ​ដៅ នូវ​ប្រឹថពី ញ៉ាំ​វត្ថុ​ដែល​តាំងនៅ​ក្នុង​អាកាស​ទាំងអស់​ ឲ្យ​វិនាស កំចាត់​បង់​ងងឹត​ ឆ្លុះ​នូវ​ពន្លឺ ហើយ​ចរ​ទៅ​ក្នុង​ផ្លូវ​ជាទី​ចរ​ទៅ​ គឺ​អាកាស​ទទេ យ៉ាងណាមិញ ព្រះមានព្រះភាគ​មាន​តេជះ គឺ​ញាណ ប្រកបដោយ​តេជះ គឺ​ញាណ កំចាត់​បង់​នូវ​កិរិយា​កើតឡើង​នៃ​អភិសង្ខារ​ទាំងពួង។បេ។ នូវ​ងងឹត​គឺ​កិលេស នូវ​ងងឹត​គឺ​អវិជ្ជា សំដែង​នូវ​ពន្លឺ​គឺ​ញាណ កំណត់​ដឹង​វត្ថុកាម​ទាំងឡាយ​ លះបង់ គ្រប​សង្កត់ ឃាត់​បង់ រួបរឹត ឈ្លេចឈ្លី ញាំញី នូវ​កិលេស​កាម​ទាំង​ឡាយ ហើយ​ត្រាច់​ទៅ ប្រព្រឹត្រទៅ រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (លោក​ពោល​ថា​) ដូច​ព្រះអាទិត្យ​មាន​តេជះ គ្រប​សង្កត់​នូវ​ប្រឹថពី​មណ្ឌល​ដោយ​តេជះ។
ថយ | ទំព័រទី ៣០៩ | បន្ទាប់