[១៤១​] អធិប្បាយ​ពាក្យ​ថា តថាគត​ពោល​ថា បុគ្គល​នោះ​ជា​អ្នក​ស្ងប់​ អ្នក​កំចាត់​បង់ អ្នក​មិន​មានទុក្ខ អ្នក​មិន​មានប្រាថ្នា អាច​ឆ្លង​ជាតិ និង​ជរា​បាន ត្រង់​ពាក្យ​ថា ជា​អ្នក​ស្ងប់​ គឺ​ឈ្មោះ​ថា អ្នក​ស្ងប់ ព្រោះ​ស្ងប់​រាគៈ ឈ្មោះថា អ្នក​ស្ងប់ ព្រោះ​ស្ងប់​ទោសៈ​ ឈ្មោះថា អ្នក​ស្ងប់ ព្រោះ​ស្ងប់​មោហៈ ឈ្មោះថា អ្នក​ស្ងប់ អ្នក​រម្ងាប់ អ្នក​រម្ងាប់​ឈឹង​ អ្នក​រំលត់ អ្នក​រម្ងាប់​ចំពោះ ព្រោះ​ស្ងប់ រម្ងាប់ រម្ងាប់​ឈឹង រលត់ រំលត់ ទៅ​ប្រាស រម្ងាប់​ចំពោះ​នូវ​ក្រោធ​ ការ​ចង​ក្រោធ​ទុក សេចក្តី​លុបគុណ ការ​វាយ​ឫក​ស្មើ​ សេចក្តី​ច្រណែន កំណាញ់ កិច្ចកល សេចក្តី​អួតអាង សេចក្តី​រឹងត្អឹង ការ​ប្រណាំងប្រជែង​ មានះ សេចក្តី​មើលងាយ សេចក្តី​ស្រវឹង សេចក្តី​ប្រហែស កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវាយ​ទាំងពួង សេចក្តី​ក្រហល់ក្រហាយ​ទាំងពួង​ សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ​ជា​អកុសល​ទាំងពួង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ស្ងប់។ ពាក្យ​ថា អ្នក​កំចាត់​បង់ គឺ​អ្នក​កំចាត់​បង់ ផ្លុំ​ចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាស​នូវ​កាយទុច្ចរិត អ្នក​កំចាត់​បង់ ផ្លុំ​ចេញ ធ្វើឲ្យ​រីងស្ងួត​ ធ្វើឲ្យ​វិនាស​នូវ​វចីទុច្ចរិត នូវ​មនោ​ទុច្ចរិត អ្នក​កំចាត់​បង់ ផ្លុំ​ចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាស​នូវ​រាគៈ អ្នក​កំចាត់​បង់ ផ្លុំ​ចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាស​នូវ​ទោសៈ មោហៈ ក្រោធ
ថយ | ទំព័រទី ៩៩ | បន្ទាប់