សុ​មង្គ​លត្ថេ​រាប​ទាន ទី១០


 [២២] ខ្ញុំ​មានប្រាថ្នា​នឹង​បូជា​នូវ​គ្រឿងបូជា កំពុង​តាក់តែង​ភោជន​ទទួល​ពួក​ព្រាហ្មណ៍ បាន​ឋិតនៅ​ក្នុង​រោង​ដ៏​ធំ។ គ្រានោះ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​ព្រះនាម​បិយ​ទស្សី ព្រះអង្គ​មានយស​ធំ ទ្រង់​ទូន្មាន​សត្វលោក​ទាំងពួង ព្រះអង្គ​ជា​ព្រះសយម្ភូ ជា​បុគ្គល​ដ៏​ប្រសើរ។ ព្រះអង្គ​មានជោគ មាន​រស្មី​រុងរឿង មាន​ពួក​សាវ័ក​ចោមរោម កំពុង​ស្តេច​ទៅ​ក្នុង​ផ្លូវ រុងរឿង​ដូចជា​ព្រះអាទិត្យ។ ខ្ញុំ​ផ្គង​អញ្ជលី​ហើយ​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា បាន​និមន្ត​ព្រះអង្គ​ដោយចិត្ត​ថា សូម​ព្រះ​មហាមុនី​ស្តេច​និមន្ត​មក។ ព្រះ​សាស្តា​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​បំណង​របស់ខ្ញុំ​ហើយ ស្តេច​ចូល​ទៅកាន់​ទ្វារផ្ទះ​របស់ខ្ញុំ (ជាមួយ) និង​ព្រះ​ខីណាស្រព​មួយ​ពាន់​អង្គ។ (ខ្ញុំ​ក្រាបទូល​ថា) បពិត្រ​បុរស​អាជានេយ្យ ខ្ញុំ​សូម​នមស្ការ​ព្រះអង្គ បពិត្រ​បុរស​ដ៏​ឧត្តម ខ្ញុំ​សូម​នមស្ការ​ព្រះអង្គ សូម​ព្រះអង្គ​ស្តេច​ឡើង កាន់​ប្រាសាទ​របស់ខ្ញុំ ហើយ​គង់​លើ​អាសនៈ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់