បច្ចេក​ពុទ្ធា​បទាន ទី២
អ្នក​ទាំងឡាយ ចូរ​ស្តាប់​បច្ចេក​ពុទ្ធា​បទាន ដូចតទៅ​នេះ


 [២] នតង្គៈ ជា​អ្នកប្រាជ្ញ ជា​បុត្រ​នៃ​នាងទេវី​ក្នុង​ដែន​វេទ​ហៈ បាន​សួរ​ព្រះ​តថាគត កាល​គង់នៅ​ក្នុង​វត្ត​ជេតពន​ថា ឮថា​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ រមែង​មាន តើ​ព្រះ​បច្ចេកពុទ្ធ​ជា​អ្នកប្រាជ្ញ​ទាំងនោះ រមែង​កើតឡើង​ដោយហេតុ​ដូចម្តេច​ខ្លះ។ គ្រានោះ ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​ប្រសើរ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ទ្រង់​បែរ​ទៅ​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​ចម្រើន ដោយ​ព្រះសូរសៀង​ដ៏​ពីរោះ​ថា
 ពួក​ជន​ណា មានការ​កសាង​បាន​ធ្វើ​ទុក​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ទាំងពួង តែ​មិនទាន់​បាន​មោក្ខធម៌​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ទេ។ ជន​ទាំងនោះ ជា​អ្នកប្រាជ្ញ ជា​អ្នកមាន​ប្រាជ្ញាមុត​ថ្លា វៀរលែងតែ​ព្រះពុទ្ធ​ទាំងឡាយ រមែង​បាន​នូវ​បច្ចេកពោធិ​ញ្ញាណ ដោយ​ប្រធាន​នៃ​សង្វេគ​នោះ​ផង ដោយ​អារម្មណ៍​ដ៏​ស្តើងស្តួច​នោះ​ផង
ថយ | ទំព័រទី ១៦ | បន្ទាប់