ព្រះ​ធម្ម​ទស្សី ទ្រង់​មាន​ព្យាយាម​ធំ ទ្រង់​បរិនិព្វាន​ក្នុង​អារាម​ឈ្មោះ​កេសៈ ព្រះ​ស្តូប​ដ៏​ប្រសើរ​នោះ របស់​ព្រះពុទ្ធអង្គ​នោះ​ឯង មាន​កំពស់ ៣ យោជន៍។

ចប់ ធម្ម​ទស្សិ​ពុទ្ធវង្ស ទី១៥។


សិទ្ធត្ថ​ពុទ្ធវង្ស ទី១៦


 [១៧] ក្រោយ​អំពី​ព្រះ​ធម្ម​ទស្សី​មក មាន​ព្រះ​លោកនាយក ព្រះនាម​សិទ្ធត្ថៈ ទ្រង់​កំចាត់​បង់​ងងឹត​ទាំងអស់ បីដូច​ព្រះអាទិត្យ​រះ​ឡើង។ ព្រះ​សិទ្ធត្ថៈ​អង្គ​នោះ ទ្រង់​ដល់​នូវ​សម្ពោធិញ្ញាណ ហើយ​ចម្លង​មនុស្ស ព្រមទាំង​ទេវតា បង្អុរ​ភ្លៀង គឺ​ព្រះធម៌ ហើយ​ញ៉ាំង​មនុស្ស ព្រមទាំង​ទេវតា ឲ្យ​រលត់ទុក្ខ។ ព្រះអង្គ​មាន​តេជះ​ថ្លឹង​ពុំ​បាន ទ្រង់​មានការ​ត្រាស់​ដឹង ៣ លើក គឺ​ការ​ត្រាស់​ដឹង​លើក​ទី ១ មាន​ពួក​សត្វ​មួយ​សែន​កោដិ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់