ព្រះមហេសី​នោះ មាន​ព្រះជន្មាយុ ៤ ម៉ឺន​ឆ្នាំ ព្រះអង្គ​គង់នៅ​កំណត់​ប៉ុណ្ណោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ដ៏​ច្រើន​ឲ្យ​ឆ្លង (ចាក​សង្សារ)។ ព្រះសម្ពុទ្ធ​នោះ ព្រមទាំង​សាវ័ក តាំង​រាន​ផ្សារ គឺ​ព្រះ​សទ្ធម្ម បន្លឺ​ឡើង​ដូចជា​សីហនាទ ចំពោះ​នរៈ និង​នារី​ទាំងឡាយ ក្នុង​មនុស្សលោក ព្រមទាំង​ទេវលោក ហើយ​និព្វាន។ ព្រះសម្ពុទ្ធ បរិបូណ៌​ដោយ​ពាក្យ ប្រកបដោយ​អង្គ ៨ សីល​ទាំងឡាយ មិន​ធ្លុះធ្លាយ ជាប់​មិន​ដាច់ របស់​ទាំងអស់ វិនាស​សូន្យ​ទៅ ឱ ! សង្ខារ​ទាំងពួង ជា​របស់​មិន​ទៀង​ទេតើ។ ព្រះ​កក្កុ​សន្ធៈ ជា​ព្រះ​ជិនស្រី​ដ៏​ប្រសើរ និព្វាន​ក្នុង​ខេមា​រាម ព្រះ​ស្តូប​ដ៏​ប្រសើរ របស់​ព្រះពុទ្ធ​នោះ មាន​កំពស់​ទៅ​ក្នុង​អាកាស ១ គាវុត ក្នុង​ទីនោះ​ឯង។

ចប់ កក្កុ​សន្ធ​ពុទ្ធវង្ស ទី២២។


កោ​នាគ​មន​ពុទ្ធវង្ស ទី២៣


 [២៤] កាល​ជា​ខាងក្រោយ អំពី​ព្រះ​កក្កុ​សន្ធៈ​មក មាន​ព្រះ​ជិនស្រី​សម្ពុទ្ធ ព្រះនាម​កោនាគមនៈ ព្រះអង្គ​ឧត្តម​ជាង​សត្វទ្វេបាទ ជាធំ​ក្នុង​លោក ទ្រង់​ប្រសើរ​ជាង​ពួក​ជន។
ថយ | ទំព័រទី ២១២ | បន្ទាប់