ស្គាល់​អធម្មវាទី​បុគ្គល​ ​ដោយ​វត្ថុ១៨យ៉ាង​។​បេ​។​ ​នែ​រាហុល​ ​អ្នក​ត្រូវ​ស្គាល់​អធម្មវាទី​បុគ្គល​ ​ដោយ​វត្ថុ១៨យ៉ាងនេះ​ឯង​ ​នែ​រាហុល​ ​ចំណែកខាង​ធម្ម​វាទី​បុគ្គល​ ​អ្នក​ក៏​ត្រូវ​ស្គាល់​ ​ដោយ​វត្ថុ១៨យ៉ាង​ដែរ​។​បេ​។​ ​នែ​រាហុល​ ​អ្នក​ត្រូវ​ស្គាល់​ធម្ម​វាទី​បុគ្គល​ ​ដោយ​វត្ថុ​ ​១៨យ៉ាងនេះ​ឯង​។​
 [​១៦០​]​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បានឮ​ដំណឹង​ថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិ​រក​ណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ហើយ​។​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បាន​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឮថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនោះ​ ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តប​ថា​ ​នែ​គោតមី​ ​បើ​ដូច្នោះ​ ​ព្រះនាង​ចូរ​ស្តាប់ធម៌​ ​ក្នុង​សំណាក់​សង្ឃ​ទាំងពីរ​ពួក​ចុះ
ថយ | ទំព័រទី ៣៦៣ | បន្ទាប់